សន្និសិទអាស៊ាន ឆ្នាំ២០១៦ ស្តីពីជីវៈចម្រុះ ក្នុងបរិបទជីវៈចម្រុះសម្រាប់ការអភិវឌ្ឍដោយចីរភាព


ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមកពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងសន្និសិទអាស៊ាន ឆ្នាំ២០១៦ ស្តីពីជីវៈចម្រុះ ក្នុងបរិបទជីវៈចម្រុះសម្រាប់ការអភិវឌ្ឍដោយចីរភាព គ្រាដែលសន្និសិទនេះ មានការចូលរួមពីបណ្តារដ្ឋសមាជិក អាស៊ាន គ្រឹះស្ថានសិក្សា សហគមន៍ស្រាវជ្រាវវិទ្យាសាស្ត្រ ប្រទេសផ្តល់ជំនួយ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មកពីបណ្តាប្រទេសជុំវិញពិភពលោកសរុបចំនួនជាង ៥០០នាក់។ អង្គសន្និសិទ ពិនិត្យនិងពិភាក្សាប្រធានបទសំខាន់ៗ រួមមាន ១)របាយការណ៍វឌ្ឍនភាពដែលសម្រេចបានគោលដៅជីវៈចម្រុះ Aichi Biodiversity Targets ដែលឆ្លើយតបទៅនឹងរបៀបវារៈឆ្នាំ២០៣០ នៃការអភិវឌ្ឍដោយចីរភាព ២)ការដោះស្រាយបញ្ហាប្រឈមដោយផ្អែកលើមូលដ្ឋានប្រព័ន្ធអេកូឡូស៊ី ដើម្បីគ្រប់គ្រងជីវៈចម្រុះ ៣)ការបែងចែក និងការប្រើប្រាស់ផលប្រយោជន៍ពីជីវៈចម្រុះ ៤)ការធ្វើជំនួញពាណិជ្ជកម្ម និងជីវៈចម្រុះ និង៥)ការដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជីវៈចម្រុះក្នុងតំបន់ ដោយជំរុញឱ្យមជ្ឈមណ្ឌលអាស៊ានជីវៈចម្រុះ និងរដ្ឋសមាជិកអាស៊ាន ពង្រឹងតួនាទីរបស់ខ្លួននៅក្នុងការអភិរក្សជីវៈចម្រុះ ឆ្លើយតបទៅនឹងរបៀបវារៈជីវៈចម្រុះ ក្នុងតំបន់និងពិភពលោក។

ទន្ទឹមគ្នានេះ អង្គសន្និសិទមានការបែងចែកចេញជាសិក្ខាសាលាបច្ចេកទេសជាច្រើនតាមប្រធានបទនីមួយៗ ដើម្បីពិភាក្សាលម្អិតដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាពនិងគោលដៅជីវៈចម្រុះ សុខភាពនិងជីវៈចម្រុះ អនុសញ្ញាអន្តរជាតិស្តីពីជីវៈចម្រុះ ផែនការយុទ្ធសាស្ត្រ សម្រាប់ជីវៈចម្រុះឆ្នាំ២០១១-២០២០ និង Aichi Biodiversity Targets។ ជាមួយគ្នានេះ អង្គសន្និសិទក៏បានដាក់បង្ហាញពិព័ណស្តីពីសមិទ្ធិផលអាស៊ាននៃការអនុវត្តយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពរបស់រដ្ឋសមាជិកអាស៊ាននីមួយៗ និងអង្គការអភិវឌ្ឍនិងអភិរក្សអន្តរជាតិ រួមទាំងដំណើរទស្សនកិច្ចទៅឧទ្យានបេតិកភណ្ឌអាស៊ាន និងតំបន់អេកូទេសចរណ៍ក្នុង ប្រទេសថៃផងដែរ៕

Source : http://www.moe.gov.kh/view-article-8-34-191#.VsaOz7R97IU

ក្រសួងបរិស្ថាន

អាស័យដ្ឋាន: # 48, មហាវិថីព្រះសីហនុ (ទល់មុខសួនច្បារវិមានឯករាជ្យ), រាជធានីភ្នំពេញ
ទូរស័ព្ទ: (855) (0)23 000 111
អ៊ីម៉ែល: info@moe.gov.kh

Website: http://www.moe.gov.kh/