កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយថៃ


គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទៅចូលរួមប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយថៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហួហីននៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ កិច្ចប្រជុំនេះក៏បានពិនិត្យ និងពិភាក្សាចំណុចពាក់ព័ន្ធនឹងការងារគយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី២ ក្រោមប្រធានបទ “ភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព” ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥ ផងដែរ ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគី ដូចមានក្នងសេចក្តីប្រកាសព័ត៌មាន ។

អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តការរវាងរដ្ឋបាលគយនៃប្រទេសទាំង២ដូចខាងក្រោម៖

បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរព៍តមានរវាងរដ្ឋបាលគយទាំងពីរ
ចាត់តាំងមន្រ្តីគយឲ្យចូលរួមក្នុងក្រុមការងារជាតិឬក្រុមការងារចម្រុះក្នុងការរៀបចំអនុវត្តច្រកអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន ជាពិសេសការបង្កើតនិងអនុវត្ត “ការត្រួតពិនិត្យបញ្ជរតែមួយ” និង “ទីលានត្រួតពិនិត្យ” (Single Stop Inspection and Common Control Area) ស្របតាមកិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ
ត្រៀមធនធានមនុស្សនិងនីតិវិធីគ្រប់គ្រងទំនិញនិងអ្នកដំណើរឆ្លងកាត់ព្រំដែនដោយរថភ្លើង (ឆ្លើយតបនឹងគម្រោងតភ្ជាប់ផ្លូវដែក ភ្នំពេញ-បាងកក នៅចុងឆ្នាំ២០១៦នេះ) ។ ភាគីគយថៃបានឯកភាពចែករំលែកបទពិសោធការគ្រប់គ្រងទំនិញនិងអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងថៃនិងម៉ាឡេស៊ី
ជំរុញកិច្ចសហការលើការងារបង្កើតនិងពង្រីក “កម្មវិធីលើកទឹកចិត្តពាណិជ្ជករល្អបំផុត” និង “ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត” (Best Traders Incentives Program and Authorized Economic Operators) ក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេសសម្រួលដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម
ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់និងបង្រ្កាបអំពើរត់ពន្ធ ជាពិសេសការគ្រប់គ្រងទំនិញឆ្លងកាតត់ (ទំនិញនាំចូលមកកម្ពុជា ដោយប្រើប្រាស់របបគយឆ្លងកាត់ប្រទេសថៃ)
ចំពោះវិស័យកសិកម្ម ភាគីទាំងពីរបានយល់ព្រមឳ្យមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតរវាងរដ្ឋបាលគយ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរ ។ ទន្ទឹមនេះ ភាគីថៃក៏បានឯកភាពលើសំណើរបស់ភាគីកម្ពុជាក្នុងការសម្រួលការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសទីបីដែលឆ្លងកាត់ទឹកដីថៃ
បានឯកភាពកំណត់កិច្ចប្រជុំឲ្យបានទៀងទាត់ទាំងកម្រឹតអគ្គនាយកដ្ឋាន ក៏ដូចជាកម្រឹតអង្គភាពគយ ខេត្ត/តំបន់នៅតាមព្រំដែននៃប្រទេសទាំងពីរ ។
ដើម្បីពង្រឺង និងពង្រីកកិច្ចប្រជុំឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពរៀបចំសេចក្តីព្រាង “អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ” ហើយគ្រោងនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ។ គួរបញ្ជាក់ថា យោងតាមលំដាប់អក្ខរក្រម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាននៅឆ្នាំ២០១៦នេះ ។

Source : http://www.customs.gov.kh/%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9...

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ត្រូវបានបង្កើតឡើង​ក្នុងសម័យសង្គមរាស្ត្រនិយម​ដោយ​ព្រះរាជក្រមលេខ ៦៦១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការ​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ត្រូវបាន​​បញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបប​ខ្មែរក្រហម។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
អាស័យដ្ឋាន:​ ៦-៨, មហាវិថីព្រះនរោត្តម, សង្កាត់ផ្សារថ្មី ៣, ខ័ណ្ឌដូនពេញ, រាជធានី ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : +855 23214065
ទូរសារ : +855 23214065
អ៊ីម៉ែល : info-pru@customs.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/cambodiacustoms

Website: http://www.customs.gov.kh/km/