ធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ចុះ​បឋម​សិលា​សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា


ភ្នំពេញ​ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារ​ពាណិជ្ជកម្ម​នាំ​មុខ​គេ មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​បំផុត និង​ហេដ្ឋារចនា​សម្ព័ន្ធ​អគារ​ការិយាល័យ ចំនួន ៣០៤ ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា ដែល​ជា​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ ៦ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ដើម្បី​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា លំដាប់​អន្តរជាតិ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​បំផុត ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រៅ​ប្រទេស របស់​ខ្លួន​រួមមាន ៖ ធនាគារ អេស៊ីលីដា ឡាវ, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​ក្រៅ​ប្រទេស​ដទៃទៀត​ដែល​អេស៊ីលីដា​នឹង​បោះ​ទីតាំង​ប្រតិបត្តិការ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់​គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​បំផុត ធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ព័ត៌មាន​មាន​លក្ខណៈ​កាន់តែ​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​គ្រប់គ្រង និង​ការពារ​បាន​រាល់​ទិន្នន័យ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន និង​អតិថិជន ឲ្យ​រួច​ផុត​ពី​ការ​គំរាម​កំហែង​នៃ​ការ​ប៉ះពាល់​ពី​ភាព​អវិជ្ជមាន​ផ្សេងៗ​ណាមួយ ។ ការ​សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា​នេះ ស្រប​តាម​យុទ្ធសាស្រ្ត​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន និង​កំពុង​អភិវឌ្ឍ​សេវា​ធនាគារ​អេឡិច​ត្រូនិក​តាម​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ហិរញ្ញវត្ថុ (FinTech) និង​ស្វ័យ​ប្រតិបត្តិការ (Branchless) ដោយ​មាន​គោលដៅ​ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ និង​បង្កើន​ប្រសិទ្ធភាព​បម្រើ​អតិថិជន បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បង្កើន​ប្រាក់​ចំណូល និង​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ផែនការ​យុទ្ធសាស្រ្ត ក្នុង​ការ​អភិវឌ្ឍន៍​សេវា​ឌីជីថល​ប៊ែង (Digital Banking-Mobile App) ធ្វើ​ឲ្យ​មាន​ប្រតិបត្តិការ​ជា​សកល តាម​រយៈ​ប្រព័ន្ធ​សេវា​អេឡិច​ត្រូនិក Banking ដែល​មាន​ស្រាប់​ ប្រព័ន្ធ Biometric, CRM រួម​ផ្សំ​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដោយ​មាន​គោលដៅ​លើកស្ទួយ និង​គាំទ្រ​សេវា​ស័្វយ​ប្រតិបត្តិការ (Self-service) ប្រើប្រាស់​នូវ​បច្ចេក​វិជ្ជា​ទំនើប បង្កើន​ប្រសិទ្ធភាព​ចំណាយ​ប្រតិបត្តិការ ពង្រីក​ធុរកិច្ច​ជា​សកល និង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន ។

មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​វិជ្ជា​នេះ នឹង​ត្រូវ​សាងសង់​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ លើ​ផ្ទៃដី​សរុប​ដែល​មាន​ទំហំ ៩.៩០៦ មែត្រ​ការ៉េ និង​អគារ​ទំហំ ៣២,០០ម៉ែត្រ x ៣៨,៨០ម៉ែត្រ មាន​កំពស់ ៥​ជាន់ អាច​ផ្ទុក​ទូ​ដាក់​ឧបករណ៍ Server ចំនួន ៨៨ គ្រឿង សម្រាប់​ប្រើប្រាស់​រយៈពេល​រហូត​ដល់ ៣០​ឆ្នាំ ហើយ​មាន​សមត្ថភាព​ពង្រីក​បន្ថែម​រហូត​ផ្ទុក​ទូ​ដាក់​ឧបករណ៍ Server បាន​ដល់​ចំនួន ១៧២ គ្រឿង ។ សំណង់​អគារ​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ពិស្ណុការ ដែល​ជា​ក្រុមហ៊ុន​សាងសង់​មាន​ការ​ទទួល​ស្គាល់ និង​មាន​ឈ្មោះ​ល្បីល្បាញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ក្រោម​លេខៈ Co.2268KH/1996 មាន​ទីតាំង​ស្ថិត​​នៅ ផ្ទះ​លេខ ៥១ ផ្លូវ​លេខ​៣២២ សង្កាត់​បឹងកេងកង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ច្បាប់​អនុញ្ញាត​ធ្វើការ​សាងសង់​ដោយ​អនុលោម​តាម​លិខិត​លេខៈ ១៨៦ ដនស/អដន ចុះ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ហើយ​ការដ្ឋាន​សាងសង់​នេះ នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់ ក្នុង​ខែ​មករា ឆ្នាំ​២០១៦ ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថានប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៣.៨៤៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៦១៦ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ។

Source : http://www.acledabank.com.kh/kh/khm/md_ln20160111

អាស័យដ្ឋានៈផ្ទះលេខ 61 មហាវិថីព្រះមុនីវង្សសង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ សំបុត្រ ប្រអប់: 1149
ទូរស័ព្ទ: +855 (0) 23 998 777/430 999
ទូរសារ: +855 (0) 23 430 555
អ៊ីម៉ែល: bank@acledabank.com.kh អេស៊ីលីដា
លេខកូដ SWIFT: ACLBKHPP

Website: http://www.acledabank.com.kh